ពាក្យ ១០ឃ្លា ម៉ែតែងលាក់ បើអ្នកបានឮអាចស្រក់ទឹកភ្នែក
- អង្គារ, 20 មករា 2015 06:21
- ចំនួនមតិ 126
ចន្លោះមិនឃើញ
ពាក្យ ១០ឃ្លា ម៉ែតែងលាក់ បើអ្នកបានឮអាចស្រក់ទឹកភ្នែក
- អង្គារ, 20 មករា 2015 06:21
- ចំនួនមតិ 126
ចន្លោះមិនឃើញ
ជាង ៩ខែ ម៉ែរងទុក្ខ រស់នៅមិនសុខព្រោះពរពោះកូន ចាញ់សព្វអាហារកាយស្គាំងស្គម តែនៅមិនព្រមបោះបង់ឡើយ។ ពេលកូនកើតមក ម៉ែត្រូវចិញ្ចឹមបីបាច់ថែរក្សា បង្ហាត់បង្រៀនឲ្យចេះចាំ បំពេផ្ដែរផ្ដាំឲ្យស្គាល់ក្រ ចេះអត់ធ្មត់ ប្រឹងរៀន ស្គាល់អាក្រក់ល្អ។ នេះហើយទឹកចិត្តម្ដាយ ដែលមានចំពោះកូន។ អ្វីទាំងអស់នេះ សុទ្ធតែកូនគ្រប់រូបបានឃើញ តែនៅមានពាក្យជាច្រើនទៀតដែលម៉ែមិនអាចនិយាយបាន ព្រោះខ្លាចកូនពិបាកចិត្ត។
១. ម៉ែយំព្រោះកូន
ពេលដឹងខ្លួនមានផ្ទៃពោះ ម៉ែស្រក់ទឹកភ្នែក ព្រោះសប្បាយចិត្តពេករកអ្វីមកប្រៀបពុំបាន។ ពេលប្រសូតបុត្រភ្ងារួចបានពរភ្លាម ម៉ែហូរទឹកភ្នែកម្ដងទៀត ដោយហេតុឃើញកូនកើតមកមានសព្វមានគ្រប់ ក្លាយជាសមាជិកថ្មីក្នុងសន្តានចិត្តអាណិតមេត្តា។ រីករាយ ខ្លាចរអា អាណិត ស្រឡាញ់ សុទ្ធតែធ្វើឲ្យម៉ែស្រក់ទឹកភ្នែកទប់មិនជាប់។ ពេលកូនយំ ម៉ែនៅមិនសុខទប់មិនបាន យំតាមកូន... ដឹងទេគ្រប់យ៉ាងព្រោះម៉ែស្រលាញ់កូន ទើបទឹកភ្នែកម៉ែងាយស្រក់យ៉ាងនេះ។
២. ម៉ែចង់ចម្អិនអាហារឲ្យកូនរហូតដង្ហើមចុងក្រោយ
សេចក្ដីសុខរបស់ម៉ែ អាចឃើញកូនធំធាត់ មានសុខភាពល្អ។ ពេលម៉ែឃើញកូន អង្គុយចាំអាហារបើកភ្នែកក្រឡង់ដោយភាពហេវហត់ ម៉ែប្រញាប់រួសរាន់ធ្វើម្ហូបសម្រាប់កូន។ មានសុភមង្គលបំផុត ឃើញកូនសប្បាយចិត្តពេលទទួលទានអាហារ ប្រាប់ម៉ែថាឆ្ងាញ់ណាស់។ ទោះពេលម៉ែចាស់ ធ្លាក់ទឹកដៃ ម្ហូបលែងឆ្ងាញ់ដូចមុន តែសង្ឃឹមថាអាចធ្វើឲ្យកូនបានញ៉ាំទៀត កុំធុញនឹងម៉ែអីណា។
៣. ម៉ែឈឺណាស់
៩ខែ ១០ថ្ងៃ ម៉ែរងទុក្ខ រស់នៅមិនសុខព្រោះតែព្រួយ ឯខ្លួនប្រាណវិញចាញ់ឥតស្បើយ នេះហើយឈឺព្រោះពរពោះកូន។ ពេលកូនប្រសូត ម៉ែត្រូវឈឺម្ដងទៀត ឈឺរហូតពេលខ្លះមិនអាចនឹងថ្លាថ្លែងបាន។ ពេលកូនបោចសក់ម៉ែ ពេលកូនខាំម៉ែ ពេលកូនខ្ញាំម៉ែ ពេលកូនបៅ ដឹងទេថាម៉ែឈឺណាស់ តែមិនខឹងទេ សប្បាយចិត្តដែលកូនរស់រវើក មានកម្លាំង។ រាងកាយម៉ែ អាចឲ្យឈឺ តែមិនអាចឲ្យឈឺដល់កូនទេ រាងកាយម៉ែអាចឈឺ តែមិនអាចឲ្យកូនយំទេ។ ទោះម៉ែឈឺយ៉ាងណាក៏មិនហាស្តី ព្រោះខ្លាចកូនមិនសប្បាយចិត្ត។ ៤. ម៉ែខ្លាចណាស់
ចាប់តាំងពីពេលពពោះ រហូតដល់ពេលប្រសូត ម៉ែតែងតែធ្វើគ្រប់យ៉ាងដើម្បីការពារកូន ព្រោះម៉ែខ្លាចបាត់បង់កូន។ ម៉ែប្រែជាមនុស្សចង្អៀតចង្អល់ចំពោះអ្នកដទៃ មិនឲ្យគេពរកូន ព្រោះខ្លាចគេមិនប្រយ័ត្ន កូនធ្លាក់ពីដៃ។ ពេលកូនទៅណា មកណា ម៉ែខ្លាចកូនមានគ្រោះថ្នាក់ ត្រូវនៅចាំមាត់ទ្វារផ្ទះ មិនថាយប់ ឬថ្ងៃ។ កុំគិតថាម៉ែតឹងតែងចំពោះកូន ធ្វើបែបនេះក៏ព្រោះខ្លាចបាត់បង់កូន។
៥. ម៉ែដឹងថាម៉ែមិនល្អគ្រប់យ៉ាងទេ
ម៉ែតែងតែចង់ធ្វើជាម្ដាយដ៏ល្អឥតខ្ចោះម្នាក់ ប៉ុន្តែម៉ែធ្វើមិនបាន។ ពេលខ្លះម៉ែស្អប់ខ្លួនឯង ដែលមិនអាចធ្វើអ្វីតាមកូនចង់បាន។ អ្វីដែលអាចរៀនបាន ម៉ែនឹងប្រឹងរៀនបន្ថែមទៀត ដើម្បីធ្វើជាអ្នកម្ដាយដ៏ល្អម្នាក់របស់កូន។
៦. ម៉ែចូលចិត្តមើលកូនគេង
ម៉ែគេងមិនលក់ ព្រោះលង់នឹងភាពគួរឲ្យស្រលាញ់ ពេលកូនគេង លង់នឹងមុខដ៏គួរឲ្យក្នាញ់។ ពេលកូនគេងមិនលក់ ម៉ែតែងច្រៀងបំពេ ទោះម៉ែត្រូវនឿយហត់ប៉ុនណាក៏មិនគិត។ ពេលគេងលក់ ម៉ែត្រូវនៅចាំមើលកូនទៀត ខ្លាចកូនភ្ញាក់ ឃើញកូនអាចគេងលក់ស្កប់ស្កល់ទើបម៉ែបានស្ងប់។
៧. ម៉ែត្រូវពរកូនអស់ច្រើនខែ
ម៉ែត្រូវរៀនពរកូន ពេលចម្អិនអាហារ ពេលបោសសម្អាត និងពេលរៀបចំផ្ទះ ព្រោះមានតែម៉ែទេដែលអាចធ្វើបានបែបនេះ។ ម៉ែបីកូនឲ្យគេង អង្រួនកូនឲ្យបាត់យំ ម៉ែត្រូវផ្លាស់ប្ដូរគ្រប់យ៉ាងដើម្បីកូន។ ដៃម៉ែរោយណាស់ ចង្កេះម៉ែចុកណាស់ តែម៉ែសប្បាយចិត្តពេលបានពរកូន។
៨. ម៉ែឈឺចាប់ណាស់ ពេលឮកូនយំ
គ្មានអ្វីឈឺចាប់សម្រាប់អ្នកម្ដាយ ជាងពេលឃើញកូនយំនោះទេ។ពេលកូនរត់មករកម៉ែដោយទឹកភ្នែកហូររហាម ម៉ែព្យាយាមធ្វើកាយវិការក្រមិចក្រមើម ដើម្បីលួងកូនឲ្យបាត់យំ។
៩. កូនជាមនុស្សទីមួយជានិច្ច
មកពីធ្វើការវិញ ទោះម៉ែហត់ ឬងងុយគេងយ៉ាងណា ក៏ម៉ែត្រូវមើលថែកូនមុន។ ពេលកូនឃ្លាន ម៉ែចម្អិនអាហារឲ្យកូន ពេលកូនពិបាកចិត្ត ម៉ែលួងកូន និយាយលេងជាមួយកូន។ ម៉ែប្រើកម្លាំងទាំងអស់ដែលខ្លួនមានដើម្បីឲ្យកូនសប្បាយចិត្ត ហើយតែងទុកកូនសំខាន់ជាងខ្លួនឯង។
១០. គ្រប់យ៉ាងម៉ែអាចធ្វើបានដើម្បីកូន
គ្មានការងារអ្វីដែលពិបាកជាងធ្វើជាម្ដាយគេទេ ប៉ុន្តែទោះពិបាកយ៉ាងណាក៏ម៉ែអាចធ្វើបានដើម្បីកូនដែរ ព្រោះម៉ែសប្បាយចិត្តពេលបាននៅជិតកូន។ ទោះបីជាមានការឈឺចាប់ មិនបានដេកពួន ត្រូវភ្ញាក់ពីយប់ ប៉ុន្តែម៉ែនៅតែអាចធ្វើបាន ដើម្បីកូនម្នាក់គត់៕
Comments
Post a Comment